ព្រះមហាក្សត្រប្រោសព្រះរាជវិភាគទាន២០ម៉ឺនដុល្លារសម្រាប់ទ្រទ្រង់ការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»

ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្តេចបានប្រោសព្រះរាជូបត្ថម្ភ ព្រះរាជទ្រព្យចំនួន២០ម៉ឺនដុល្លារអាមេរិក ចំពោះរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»។

ក្នុងព្រះរាជសារចុះថ្ងៃទី៣០ ខែមីនា ព្រះករុណាព្រះមហាក្សត្រ បានបង្ហាញពីព្រះរាជហឫទ័យរីករាយចំពោះសម្តេច ហ៊ុន សែន ដែលបានទិញយកមន្ទីរពេទ្យឯកជន «នគរទេព» ហើយបានប្តូរឈ្មោះទៅជាមន្ទីរពេទ្យរដ្ឋ «ហ្លួងម៉ែ» ដើម្បីបម្រើវិស័យសុខាភិបាលនៅកម្ពុជា។
ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ មន្ទីរពេទ្យរដ្ឋដែលមានឈ្មោះថ្មីថា «ហ្លួងម៉ែ» កំពុងទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយគិតត្រឹមរបាយការណ៍ព្រឹកថ្ងៃទី៣១ ខែមីនា នេះ អ្នកជំងឺកូវីដ-១៩ ជាង១០០នាក់ហើយដែលកំពុងសម្រាកព្យាបាលនៅទីនោះ។
 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី៣១ ខែមីនា នេះ បានថ្វាយលិខិតថ្លែងអំណរព្រះគុណព្រះករុណាព្រះមហាក្សត្រដែលព្រះអង្គសព្វព្រះហឫទ័យ ប្រោសព្រះរាជទានថវិកា ២០ម៉ឺនដុល្លារសម្រាប់ដំណើរការទ្រទ្រង់មន្ទីរពេទ្យ «ហ្លួងម៉ែ»។
សម្រាប់ដំណើរការទិញ និងការទ្រទ្រង់ដំណើរការមន្ទីរពេទ្យហ្លួងម៉ែ រដ្ឋាភិបាលកម្ពុជា ទទួលបាននូវការចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ពីអ្នកជំនួញធំៗ ហើយកាលពីថ្ងៃទី៣០ ខែមីនា ផងដែរនោះ ក៏មានព្រះរាជវិភាគទានចំនួន២០ម៉ឺនដុល្លារអាមេរិកពីសម្តេចព្រះមហាក្សត្រី សម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ផងដែរ៕

Be the first to comment

Leave a Reply

Your email address will not be published.


*