មានការ​ងឿងឆ្ងល់ និង​ភ្ញាក់ផ្អើល​បិទផ្លូវ​ចំណុច​ខ្លោងទ្វារវត្ត​សន្សំ​កុសល​ពេញ​មួយ​ព្រឹក

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​ទូទៅ​មានការ​ងឿងឆ្ងល់ និង​ភ្ញាក់ផ្អើល ដែល​បានឃើញ​មាន​រថយន្ត​សា​ម៉ុ​យ និង​ក្រុម​គ្រូពេទ្យ​ជា​ច្រើន​បាន​ចុះ​ទៅ​ចំណុច​ផ្លូវ​ទល់​វត្ត​សន្សំ​កុសល ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១ នៃ​ខណ្ឌមានជ័យ ខណៈ​ផ្លូវ​នោះ​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ធ្វើការ​ហ៊ុំ​ព័ទ្ធ​ខ្សែ​បិទ​មិន​អោយ​មានការ​ចរាចរណ៍​ធ្វើ​ដំណើរ​ទៅ​មក ។

ជាក់ស្តែង ការ​ចុះ​ទៅ​នោះ ពុំ​មែន​ជា​ការ​យក​ចុះ​អ្នក​ដែល​មាន​វិជ្ជមាន​ជម្ងឺ​កូ​វី​ដ​១៩​ឡើយ គឺជា​ការ​ចុះ​យក​សំណាក​ពី​ពលរដ្ឋ​ជា​ច្រើន ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នកជម្ងឺ​កូ​វី​ដ​កាលពី​ពេល​កន្លង​ទៅ ។

លោក​កុយ សាម​ឌី ស្មៀន​សង្កាត់​បឹង​ទំពន់​ទី​១ បាន​ប្រាប់​កោះសន្តិភាព​អោយ​ដឹង​ថា ចំពោះ​ចំនួន​ពលរដ្ឋ​ដែល​ត្រូវធ្វើ​សំណាក​នៅ​ចំណុច​ខាងលើ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​នេះ គឺ​មាន​សរុប​៨១​នាក់ ដោយ​ក្នុង​នោះ ៥៣​នាក់ ជា​ពលរដ្ឋ​រស់នៅ​ផ្លូវ​៥៣BT ( ផ្លូវ​ទល់មុខ​វត្ត ) និង​១៨​នាក់​ទៀត ជា​ពលរដ្ឋ​រស់នៅ​ផ្លូវ​៥១BT ( ផ្លូវ​ខាងត្បូង​វត្ត ) ។

ក្នុង​ការ​ចុះ​យក​សំណាក​ខាងលើ​នេះ គេ​ស​ង្គេ​ត​ឃើញ​បងប្អូន​ពលរដ្ឋ​ដែល​ត្រូវធ្វើ​សំណាក​បាន​ឈរ​សម្រង់​គ្នា​ជា​ជួរ ដោយ​បាន​រក្សា​នូវ​គ​ន្លា​ត​សុវត្ថិភាព​យ៉ាង​ត្រឹមត្រូវ និង​បាន​ពាក់​ម៉ាស់​ការពារ​ផង​ដែរ ។

ដោយឡែក​ចំពោះ ទិដ្ឋភាព នៅ​តាម​បណ្តោយ​ផ្លូវ​៥៣BT ដែល​នៅ​ទល់មុខ​វត្ត​សន្សំ​កុសល ហាក់​មាន​សភាព​ស្ងប់ស្ងាត់ ដោយ​បងប្អូន​ជា​អាជីវករ​លក់ដូរ ឬ​រកស៊ី​នៅ​តំបន់​នោះ​មួយ​ចំនួន​បាន​បិទ​តូប​អាជីវកម្ម​របស់​ខ្លួន ដោយសារ​តែ​កត្តា​ព្រួយបារម្ភ​ខ្ពស់​លើ​ការ​ឆ្លង​នូវ​ជម្ងឺ​កូ​វី​ដ​១៩ ខណៈ​ដែល​កន្លង​ទៅ​តំបន់​នោះ គឺជា​ទីកន្លែង​អូរ​អរ ព្រោះ​មាន​ផ្សា​របឹង​ទំពន់​នៅ​ជាប់​បណ្តោយ​ផ្លូវ​៥៣BT ខាងលើ​នោះ​ដែរ ។

សូម​បញ្ជាក់​ថា តាម​ការ​អោយ​ដឹង​បន្ត​ពី​លោក​ស្មៀន​សង្កាត់​បឹង​ទំពន់​១ គឺ​នៅ​វេលា​ថ្ងៃ​ត្រង់នេះ បន្ទាប់​ពី​យក​សំណាក​ពលរដ្ឋ​ទាំង​៨១​នាក់​ខាងលើ​ពេញ​មួយ​ព្រឹក​រួច​មក ក្រុម​គ្រូពេទ្យ​បាន​បន្ត​ទៅ​យក​សំណាក​ពលរដ្ឋ​៩​នាក់​ទៀត ដែល​នៅ​ចំណុច​ហាង « ស្រី​ទី​ន​លក់​គ្រឿង​សមុទ្រ » ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុងភូមិ​សន្សំ​កុសល​៥ សង្កាត់​បឹង​ទំពន់​១ ដដែល ។

ដូច្នេះ​សរុប​ជា​រួម សម្រាប់​សង្កាត់​បឹង​ទំពន់​ទី​១ ពេញ​មួយ​ព្រឹក​នេះ ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​អ្នក​ពាក់ព័ន្ធ​សរុប ៩០​នាក់ ៕

Be the first to comment

Leave a Reply

Your email address will not be published.


*