សុគន្ធ នី​សា ចែករំលែក​វិធី​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ បន្ទាប់​ពី​ជា​ស្បះ​ស្បើយ (​វី​ដេ​អូ​)

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង សុគន្ធ នី​សា ត្រូវ​បាន​ចាត់​ទុក​ថា នាង​ស្ថិត​ក្នុង​ចំណោម​តារា​មួយ​ចំនួន​ទៀត​ដែល​ព្យាបាល​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​។ បន្ទាប់​ពី​បានជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ សុគន្ធ នី​សា ក៏​បាន​ធ្វើការ​ចែករំលែក​នូវ​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នូវ​ជំងឺ​កូ​វី​ដ​១៩​។

តាម​រយៈ​វី​ដេ​អូ​ដែល​បាន live តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី​ៗ​នេះ សុគន្ធ នី​សា បាន​លើក​ឡើង​ថា នៅ​ក្នុង​ការ​ដែល​នាង​បាន​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​នោះ គឺ​នាង​ត្រូវ​លេបថ្នាំ​តាម​វេជ្ជបញ្ជា​ពី​ក្រុម​គ្រូពេទ្យ និង​ការ​ណែនាំ​ពី​វិធីសាស្ត្រ​មួយ​ចំនួន​ទៀត​។

នាង​បញ្ជាក់​ថា នៅ​ពេល​ព្រឹក​ព្រលឹម ពោល​គឺ​ពេល​ក្រោក​ពី​គេង​នោះ នាង​តែ​ព្យាយាម​ហាត់ប្រាណ​តិចតួច​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​។ នាង​ថា យើង​អាច​ហាត់ប្រាណ​តិចតួច​តាម​កម្លាំង តែ​មិន​ឱ្យ​ខ្លាំង និង​ហត់​ខ្លាំង​ពេក​ទេ ព្រោះ​តាម​ការ​ណែនាំ​គ្រូពេទ្យ​យើង​កើត​ជំងឺ​កូ​វី​ដ មិន​គួរ​ធ្វើ​អ្វី​ឱ្យ​ហត់​ពេក​ទេ​។

នាង​បន្ថែម​ថា នៅ​ព្រឹក​ដដែល​នោះ គឺ​យើង​ព្យាយាម​ញ៉ាំ​ទឹក​ក្តៅ​ឱ្យ​បាន​ច្រើន ដែល​យ៉ាង​ហោច​ណាស់​២​ទៅ​៣​លី​ត្រ​ក្នុង​មួយ​ថ្ងៃ ហើយ​អាច​ញ៉ាំ​ជាមួយ​ទឹកឃ្មុំ ក្រូចឆ្មា ឬ​ក្រូច​ងាំ​ងូវ​លាយ​ជាមួយ​អំបិល​។

នាង​បញ្ជាក់​ថា បន្ទាប់​ញ៉ាំ​ទឹក​ក្តៅ​ហើយ​នោះ យើង​ត្រូវ​អង្គុយ​អាំង​ថ្ងៃ​ឱ្យ​បាន​១០​ទៅ​១៥​នាទី​តាមតែ​អាច​ធ្វើ​បាន​ក្នុង​មួយ​ថ្ងៃ​។

សុគន្ធ នី​សា បាន​លើក​ឡើង​ទៀត​ថា ក្នុងអំឡុងពេល​ព្រឹក​នោះ​យើង​ព្យាយាម​ញ៉ាំ​អ្វី ដើម្បី ត្រាប់​ក្រពះ​បន្តិចបន្តួច មុន​ពេល​យើង​ទទួលទាន​ថ្នាំ​វីតាមីន C សម្រាប់​ទ្រទ្រង់​រាង​កាយ​។ នាង​ថា លុះ​ពេល​ថ្ងៃ ក្រុម​គ្រូពេទ្យ​បាន​យក​ថ្នាំ​កំចាត់​មេរោគ​ឱ្យ​ញ៉ាំ ដោយ​ក្នុង​មួយ​ថ្ងៃ​យើង​ត្រូវ​ញ៉ាំ​ថ្នាំ​នេះ​២​ដង គឺ​ព្រឹកល្ងាច ហើយ​ព្យាយាម​ញ៉ាំ​អាហារ​មុន​ញ៉ាំ​ថ្នាំ​។

នាង​បញ្ជាក់​ថា អំឡុង​ពេល​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​នោះ គឺ​យើង​អាច​ព្យាយាម​ធ្វើ​យ៉ាងណា​ញ៉ាំ​ទឹក​ក្តៅ​ឱ្យ​បាន​ច្រើន ជា​ពិសេស​គឺ​ការ​ឆ្ពង់​តាម​ក្បួន​បុរាណ​ខ្មែរ​ឱ្យ​បាន​ញឹកញាប់ ដើម្បី​ឱ្យ​រាង​កាយ​មានកំ​ដៅ​។

បើ​តាម​នាង សុគន្ធ នី​សា តាម​បទ​ពិសោធន៍​របស់​នាង ប្រសិនបើ​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ដែល​មាន​អ​កា​រៈ​ដង្ហើម​ខ្លី ឬ​ពិបាក​ដកដង្ហើម​នោះ គឺ​ប្រើ​វិធី​ដោយ​ដាំទឹក​ក្តៅ ហើយ​យក​ប្រេងកូឡា ឬ​ប្រេងខ្យល់​តាម​បរិមាណ​ល្មម​ដាក់​ចូល​រួច​យក​ទៅ​ឆ្ពង់ ដោយ​ព្យាយាម​ស្រូប​យក​ចំហាយ​ពី​ទឹក​ក្តៅ​នោះ តាម​មាត់​នឹង​ច្រមុះ ដែល​វី​ធី​ក៏​អាច​ឱ្យ​យក​ដកដង្ហើម​បាន​ស្រួល​មួយ​រយៈ​ផង​ដែរ​។ នាង​ថា ប្រេងខ្យល់ ប្រេងកូឡា នោះ​យើង​ក៏​អាចយ​កមក​លាប​នៅ​សៀតផ្កា​យើង​ទាំង​សងខាង រហូត​មក​ក​ញ្ចឹ​ង​.​ក និង​ដើម​ទ្រូ​វ​ផង​ដែរ​។

ទោះជា​យ៉ាងណា សុគន្ធ នី​សា បាន​លើក​ឡើង​បន្ថែម​ថា អំឡុង​ពេល​កំពុង​ព្យាបាល​នោះ គឺ​យើង​ត្រូវធ្វើ​យ៉ាងណា​តាម​ការ​ណែនាំ​ពី​ក្រុម​គ្រូពេទ្យ ជា​ពិសេស​គឺ​ការ​លេបថ្នាំ​ជា​កម្រិត ហើយ​បើ​យើង​ចង់​ប្រើប្រាស់​ថ្នាំ​ជំនួយ​ផ្សេង​ៗ​នោះ គឺ​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជា​មុន​សិន​។
គួរ​បញ្ជាក់​ថា តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស បាន​ប្រកាស​ខ្លួន​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២១ បន្ទាប់​ពី​តារាចម្រៀង រួម​ទ្រនំ​ផ្សេង​ទៀត​ក៏​បាន​រក​ឃើញ​ជំងឺ​នេះ​ដូច​គ្នា​។ យ៉ាងណា ក្រោយ​ពី​សម្រាក​ព្យាបាល​ប្រមាណ​ជា​៣​ស​ប្តា​ហ៍​តារា​រូប​នេះ បានជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ ប៉ុន្តែ​នាង​ត្រូវ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ចំនួន​១៤​ថ្ងៃ​ទៀត​៕

Be the first to comment

Leave a Reply

Your email address will not be published.


*