សង្វេគ​អ្វី​ម៉្លេះ​! ឪពុក​បើក​គោ​យន្ត​កន្ត្រៃ​មិនដឹង​កូន​៣​ឆ្នាំ​លេង​ខាងក្រោម កិន​ស្លា​.​ប់

ខេត្តបន្ទាយមានជ័យ ៖ គួ​ឲ្យ​សង្វេគ​ពេក​ណាស់ ឪពុក​អត់​បានដឹង​ថា កូន​អាយុ​៣​ឆ្នាំ​មក​លេង​នៅ​ក្រោម​គោ​យន្ត​កន្ត្រៃ លុះ​ពេល​បញ្ឆេះ​រក​ចេញដំណើរ ក៏​ស្រាប់តែ​កិន​កូនប្រុស​ខ្លួនឯង​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ចំការ​គោក​វល្លិ​ប្រេង ស្ថិត​ក្នុងភូមិ​គោក​សំរោង ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​ឈ្មោះ វ័​ន្ត វ៉ា​ន់​អ៊ី ហៅ​សា​ម៉េ​ន អាយុ​៣​ឆ្នាំ ជា​កូន​របស់​ឈ្មោះ លឹ​ម ម៉ុ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ (​ត្រូវជា​ឪពុក​) និង​ប្រពន្ធ​ឈ្មោះ សយ សា​វង្ស អាយុ​៣៣​ឆ្នាំ (​ត្រូវជា​ម្តាយ​) រស់នៅ​ភូមិ​ទាន​កាំ ឃុំ​ទាន​កាំ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុខរបរ​ជា​កសិករ ។

បើ​តាម​ការ​រៀបរាប់​ពី​ឪពុក​ម្តាយ​កុមារ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ក្រុម​គ្រួសារ​គាត់​បាន​មក​ស្នាក់​នៅ ធ្វើការ​ស៊ីឈ្នួល​ដក​ដំឡូង​ឲ្យ​គេ នៅ​ចំណុច​ចំការ​គោក​វ​ល្លិ៍​ប្រេង​ខាងជើង ភូមិ​គោក​សំរោង ប្រមាណ​១០​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​គោក​សំរោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

ឪពុក​ម្តាយ​កុមារ​រង​គ្រោះ​ខាងលើ​បន្ត​ថា លុះ​នៅ​ថ្ងៃ​កើតហេតុ ប្តី​ប្រពន្ធ​គាត់​បាន​នាំ​កូន​ទៅ​ស៊ីឈ្នួល​ដក​មើមដំឡូង​ឲ្យ​គេ​ដូច​សព្វដង ក្រោយ​ពេល​ដក​មើមដំឡូង​បាន​ហើយ ក៏​រៀបចំ​លើ​ដាក់​លើ​គោ​យន្ត​កន្ត្រៃ​ពេញ​ទ្រុង ។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ឈ្មោះ លឹ​ម ម៉ុ​ន ត្រូវជា​ឪពុក បាន​បញ្ឆេះ​គោ​យន្ត​មាន បំណង​បើក​ទៅ​មុខ ដើម្បី​ទៅ​កាប់​មើមដំឡូង​នៅ​កន្លែង​ផ្សេង​ទៀត ។ ប៉ុន្តែ​ពេល​នោះ ឪពុក​អត់​បានដឹង​ថា កូនប្រុស​អាយុ​៣​ឆ្នាំ​ខ្លួន​កំពុង​តែ​នៅ​លេង​ខាងក្រោម​នោះ​ទេ ក៏​ស្រាប់តែ​កិន​កូនប្រុស​ឈ្មោះ វ័​ន្ត វ៉ា​ន់​អ៊ី ហៅ​សា​ម៉េ​ន បណ្តាល​ឲ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នោះ កម្លាំង​ជំនាញ​នគរបាល​ស្រុក​ថ្មពួក សហការ​ជាមួយ​គ្រូពេទ្យ មេ​ភូមិ ក្រុមប្រឹក្សា​ឃុំ ចុះ​ទៅ​ធ្វើការ​ពិនិត្យ​សាកសព ហើយ​យ​បាន​ធ្វើការ​សន្និដ្ឋាន​ថា កុមារ​អាយុ​៣​ឆ្នាំ​នោះ ពិតជា​ស្លា​.​ប់​ដោយសារ​គោ​យន្ត​កិន​ចំ​ពីលើ​ក្បាល​ប្រាកដ​មែន​។ បន្ទាប់​ពី​ពិនិត្យ​រួច សាកសព​កុមារ​រង​គ្រោះ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​អាណាព្យាបាល ដើម្បី​រៀបចំ​ធ្វើបុណ្យ​នៅផ្ទះ​របស់​បងប្អូន ស្ថិត​នៅ​ភូមិ​គោក​សំរោង ឃុំ​បន្ទាយឆ្មារ តាម​ប្រពៃណី ៕

Be the first to comment

Leave a Reply

Your email address will not be published.


*