អាណិតហ្វីលីពីនណាស់ រកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង «៦,៣៥០នាក់ក្នុង១ថ្ងៃ» ដែលជាអត្រាឆ្លងខ្ពស់បំផុតនៅអាស៊ាន!

(ម៉ានីល)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០នេះ ប្រទេសហ្វីលីពីនបានកត់ត្រាអ្នកឆ្លង COVID-19 រហូតដល់ទៅ ៦,៣៥២នាក់ថ្មីទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត នៅក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង ១០។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

ទិន្នន័យថ្មីសម្រាប់ថ្ងៃអង្គារនេះ ក៏ជាការបង្ហាញផងដែរអំពីការកើនឡើង នូវករណីឆ្លង COVID-19 ថ្មីៗនៅទូទាំងប្រទេសហ្វីលីពីន នៅក្នុងរយៈពេល ០៦ថ្ងៃជាប់ៗគ្នាតែម្តង ដោយពេលនេះចំនួនករណីឆ្លងសរុប បានកើនឡើងរហូតដល់ទៅ ១១២,៥៩៣ករណីហើយ ក្នុងនោះស្លាប់សរុប ២,១១៥នាក់ និងជាសះស្បើយវិញជាង ៦៦,០០០នាក់។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន រដ្ឋធានីម៉ានីល និងតំបន់ជុំវិញ ត្រូវបានដាក់ឲ្យស្ថិតនៅក្នុងការបិទទ្វារជាថ្មីឡើងវិញ ដែលនឹងបន្តរហូតដល់ថ្ងៃទី១៨ ខែសីហា ដោយសារតែករណីឆ្លង ផ្ទុះឡើងយ៉ាងគំហុកវិញ។ បើតាមសន្ទុះនៃការឆ្លងនេះ ហ្វីលីពីននឹងអាចវ៉ាឥណ្ឌូណេស៊ី ក្លាយជាប្រទេសមានករណីឆ្លង COVID-19 ច្រើនបំផុតប្រចាំអាស៊ានក្នុងពេលឆាប់ៗ ខណៈឥណ្ឌូណេស៊ីពេលនេះ មានករណីឆ្លងសរុបជាង ១១៥,០០០ករណី (ស្លាប់ ៥,៣៨៨នាក់)៕

Be the first to comment

Leave a Reply

Your email address will not be published.


*