ចាប់ពីថ្ងៃនេះតទៅ​ចង់ចូលខេត្តកំពង់ឆ្នាំង ត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ និងត្រូវយកសំណាកទៅធ្វើតេស្ត

(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ចាប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ អ្នកចូលខេត្តកំពង់ឆ្នាំង ត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ និងត្រូវយកសំណាកទៅធ្វើតេស្តផងដែរ។ នេះបើតាមសេចក្តីណែនាំស្តីពី ការពង្រឹងវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ ចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ រដ្ឋបាលខេត្ត បានប្រាប់ទៅអាជ្ញាធរឃុំសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ត្រូវធ្វើបញ្ជីគ្រប់គ្រងប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ តើគ្រួសារនីមួយៗ មានសមាជិកអចិន្ត្រៃយ៍ប៉ុន្មាននាក់? សមាជិកចេញទៅធ្វើការឆ្ងាយប៉ុន្មាននាក់? នៅកន្លែងណាខ្លះ? ពិសេសត្រូវស្រាវជ្រាវ អ្នកដែលទៅធ្វើការនៅកន្លែង មានហានីភ័យខ្ពស់ជំងឺកូវីដ១៩។ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់បន្ថែមថា ការក្តាប់ និងការគ្រប់គ្រងសមាជិកគ្រប់ៗគ្រួសារដើម្បី៖ * ណែនាំគួរកុំឲ្យពួកគាត់ត្រឡប់មកផ្ទះ គួរសួរសុខទុក្ខគ្នាតាមអនឡាញ * ប្រសិនបើពួកគាត់មកដល់ភ្លាមត្រូវគ្រប់គ្រង និងដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ ព្រមទាំងរាយការណ៍ទៅគ្រូពេទ្យ ដើម្បីយកសំណាកទៅធ្វើតេស្ត។ * ករណីមានបុគ្គលមិនព្រមធ្វើចត្តាឡីស័ក បានត្រឹមត្រូវតាមការណែនាំ អាជ្ញាធមូលដ្ឋានមានភារកិច្ចអនុវត្តវិធានការរដ្ឋបាលស្របតាមច្បាប់ និងបទបញ្ញត្តិជាធរមាន៕ ព័ត៌មានលម្អិត សូមអានសេចក្តីណែនាំខាងក្រោម៖

Read More

ភ្លៀងមួយមេធំ ត្រូវបានបំផ្លាញផ្សាធំនៅក្រុងប៉ោយប៉ែត ខណៈមនុស្ស៥នាក់រងរបួស ក្រោយភ្លៀងលាយខ្យល់កន្ទ្រាក់មួយមេធំ

(បន្ទាយមានជ័យ)៖ ភ្លៀងកក់ខែ១មួយមេធំអមដោយខ្យល់កន្រ្តាក់ ប្រមាណជាង១ម៉ោង នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បានបំផ្លាញផ្សារធំមួយកន្លែង ជាប់អគាកាស៊ីណូរប៉ារ៉ាមែក ទល់មុខផ្សាររាត្រីបាញ់ទឹក និងផ្សារដើមស្រល់នៅភូមិក្បាលស្ពាន ១ សង្កាត់ប៉ោប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានបណ្តាលឱ្យមនុស្សរងរបួស៥នាក់ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ។ ក្រោយភ្លៀងកក់ខែលាយឡំនឹងខ្យល់កន្ទ្រាក់នេះបានបញ្ចប់ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងបានចុះពិនិត្យដោយផ្ទាល់ ដើម្បីប៉ាន់ប្រមាណតម្លៃខូចខាត និងរកវិធីជួសជុលឡើងវិញ។ សូមរំលឹកថា នេះជាគ្រោះថ្នាក់ធម្មជាតិខ្យល់កន្ទ្រាក់លើកទី២ហើយ ដោយលើកទី១ បានកើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលបង្កខូចខាត អគារ រោង និងលំនៅឋានពលរដ្ឋ មួយចំនួនផងដែរ៕  

Read More