លើកទឹកចិត្ត៖ “មនុស្សជោគជ័យ គឺជាមនុស្សដែលដើរលើផ្លូវស្ងាត់ ឯកោតែម្នាក់ឯង”

#ភ័យខ្លាច មនុស្សជោគជ័យ គឺជាមនុស្សដែលដើរលើផ្លូវស្ងាត់ ឯកោតែម្នាក់ឯង។ នៅលើផ្លូវនោះ អ្នកមិនមានមិត្តភក្តិច្រើនដើរជាមួយទេ អ្នកមានតែស្រមោលប៉ុណ្ណោះដែលដើរជាមួយអ្នក។ ជាផ្លូវដែលមានមនុស្សជាច្រើនបានសាកល្បង ប៉ុន្តែពួកគេបរាជ័យ។ អ្នកនឹងខ្សោះទាំងកម្លាំងចិត្ត ខ្សោះទាំងកម្លាំងកាយ។ តែអ្នកមានជំនឿចិត្តពេញបេះដូងនូវអ្វីដែលអ្នកកំពុងធ្វើ វាគឺជាកិច្ចការមានតម្លៃ ជាសមរភូមិដែលអ្នកអាចយកឈ្នះបាន។ បើអ្នកអនុញ្ញាតឲ្យភាពភ័យខ្លាចអង្គុយនៅក្នុងខ្លួនរបស់អ្នក វានឹងដុះឫសហើយចាប់ផ្តើមបំផ្លាញអ្នកបន្តិចម្តងៗ។ បំផ្លាញសក្តានុពលរបស់អ្នក គឺសក្តានុពលក្នុងនាមជាជើងឯកម្នាក់។ វាមិនមែនជាទេពកោសល្យ វាមិនមែនជាហ្សែន ប៉ុន្តែវាគឺជាការតស៊ូអត់ធ្មត់ក្នុងការបង្ហាញខ្លួនឯងទៅកាន់ពិភពលោក ទើបជាកត្តាដែលធ្វើឲ្យអ្នកជោគជ័យ។ អ្វីដែលខ្ញុំកំពុងនិយាយនេះ គឺចង់សំដៅលើអត្តចរិតរបស់អ្នក។ វាមិនមែនមុខតំណែងទេដែលកំណត់អត្តចរិតរបស់អ្នក វាមិនមែនជោគជ័យទេដែលកំណត់អត្តចរិតរបស់អ្នក។ ប៉ុន្តែផ្ទុយមកវិញ គឺអត្តចរិតដែលជាអ្នកកំណត់ភាពជោគជ័យនិងកិត្តិយសទាំងអស់នោះ ហើយវាឋិតនៅក្នុងខ្លួនរបស់អ្នក។ ជើងឯកមិនមែនជាមនុស្សដែលឈ្នះនៅលើសង្វៀននោះទេ។ ពួកគេបានឈ្នះរាប់ពាន់ម៉ោងរួចទៅហើយនៅក្នុងបន្ទប់ហ្វឹកហាត់ និងក្នុងកន្លែងពិសោធន៍របស់ពួកគេ។ ពួកគេក្រោកម៉ោង៥ព្រឹកហើយរត់ទោះបីជាមេឃកំពុងភ្លៀង និងនៅពេលអ្នកផ្សេងទៀតកំពុងដេក។ នេះហើយដែលធ្វើឲ្យពួកគេឈ្នះ! បេះដូងរបស់ជើងឯកគឺដូចជាអំពូលម៉ែតមួយដែលបើកភ្លើងជានិច្ច។ វាមិនមែនបិទ ហើយបើកតែនៅពេលណាមានមនុស្សចូលមកមើលវានោះឡើយ គឺវាបើកជាប់ជានិច្ច។ ភាពភ័យខ្លាចគឺគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះ មានន័យថា វាគ្មានរូបរាងទេ។ អ្នកបង្កើតវា ដូច្នេះអ្នកក៏អាចបំផ្លាញវាបានដែរ។ ខ្ញុំចូលចិត្តភាពភ័យខ្លាចណាស់ ហេតុអ្វី? ព្រោះនៅខាងក្រោយភាពភ័យខ្លាច គឺជាអ្នកពិតប្រាកដ។ បើអ្នកប្រឈមមុខនឹងភាពភ័យខ្លាច អ្នកនឹងក្លាយជាមនុស្សដែលអ្នកចង់បាន។ បើអ្នករត់គេចភាពភ័យខ្លាច អ្នកមិនមែនជាមនុស្សនោះទេ។ អ្នកមានជីវិត ប៉ុន្តែអ្នកគ្មានសេរីភាពឡើយ។ ប្រសិនបើអ្នកប្រឈមមុខនឹងភាពភ័យខ្លាច វានឹងត្រូវបំផ្លាញ ហើយទំនុកចិត្តនឹងកើតឡើង។ នៅពេលអ្នកចេញដំណើរលើផ្លូវនេះ អ្នកនឹងដួលមុនពេលអ្នកអាចក្រោកឡើងបាន ហើយនៅពេលអ្នកក្រោកឡើង អ្នកនឹងឡើងខ្ពស់ជាងអ្វីដែលអ្នកមិនធ្លាប់ជួបប្រទះទាល់តែសោះពីមុនមក។ អ្នកចាប់ផ្តើមពីឥលូវនេះ ទោះបីគ្មាននរណាមើលអ្នកក៏ដោយ ។ ភាពខុសគ្នារវាងអ្នកឈ្នះនិងអ្នកចាញ់ គឺនៅត្រង់ថា អ្នកឈ្នះក្រោកឡើងវិញនៅពេលគេដួល ហើយធ្វើវាម្តងហើយម្តងទៀត! គេធ្វើរហូតដល់ជោគជ័យ! ចូរលះបង់សេចក្តីសុខនៅថ្ងៃនេះដើម្បីសេចក្តីប្រសើររុងរឿងសម្រាប់ថ្ងៃស្អែក។ វាជាការផ្តល់តម្លៃឲ្យថ្ងៃនេះ។ យើងសុទ្ធតែធ្លាប់ដួលនៅលើផ្លូវជីវិត ប៉ុន្តែសួរថា តើអ្នកក្រោកឡើងវិញឬទេ? ដូច្នេះអ្នកត្រូវធ្វើវាម្តងទៀត ហើយអ្នកធ្វើអស់ពីកម្លាំងកាយចិត្ត។ បើអ្នកចាញ់ យ៉ាងហោចណាស់អ្នកបានធ្វើអស់ពីសមត្ថភាព! ខ្ញុំបរាជ័យ១០ដងច្រើនជាងមនុស្សដែលខ្លាច តែខ្ញុំនៅតែបន្ត ហេតុអ្វីទៅ? ព្រោះខ្ញុំដឹងថា មនុស្សខ្លាច មិនដែលមានឱកាសឡើងទទួលពានរង្វាន់នៅលើសង្វៀនឡើយ។ ពេលខ្លះអ្នកដាក់ក្បាលជល់ជញ្ជាំង អ្នកឆ្លុះកញ្ចក់មើលខ្លួនឯងជាច្រើនដងហើយគ្មានស្នាមញញឹមទាល់តែសោះ។ អ្នកចង់ផ្លាស់ប្តូរស្ថានភាពហើយផ្លាស់ខ្លួនទៅជាមនុស្សដែលអ្នកចង់បាន។ អ្នកធ្វើដូច្នេះគឺជារឿងត្រឹមត្រូវហើយ ចូរធ្វើវាឲ្យអស់សមត្ថភាពគ្រប់ពេលវេលា! អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលលើកដៃនៅលើឆាកទទួលពានរង្វាន់នៅថ្ងៃណាមួយ!…

Read More

ពុទ្ធភាសិត៖ “ពៀររមែងរំងាប់ដោយការមិនចងពៀរ”

#គួររំងាប់ពៀរ_ឬបង្ការកុំឱ្យមានពៀរ? ១. ពុទ្ធភាសិតមួយបានពោលថា “ពៀររមែងរំងាប់ដោយការមិនចងពៀរ” ដែលខ្មែរយើងនិយមបកស្រាយថា “ការមិនចងគំនុំគុំកួន ឬកុំតបតទៅនឹងនរណាម្នាក់ដែលមកបំពានយើង គឺជាមាគ៌ាកសាងសេចក្តីសុខ”។ តើយើងអាចធានាបានទេ ថានឹងមិនតបតនៅពេលមានគេមកបំពានខ្លួន? ពិតមែនហើយថាការសន្ដោស រមែងទទួលបាននូវសេចក្តីសុខផង និងបានចាកផុតពីការចងពៀរទាំងឡាយផង។ ប៉ុន្តែ ក្នុងឋានៈយើងជាបុថុជ្ជនបែបនេះ តើនឹងមានផ្លូវអាចរក្សាលំនឹងចិត្តចំពោះអកុសលកម្ម ដែលខ្លួនបានទទួលដែរឬទេ? វាប្រហែលជាអាចធ្វើទៅរួចចំពោះករណីតិចតួចប៉ុណ្ណោះ។ ព្រោះអ្វី? ព្រោះមនុស្សជាច្រើនតែងតែគិតថា ការមិនតបត គឺទុកដូចជាយើងបើកដៃឱ្យអ្នកដែលតែងតែបំពានគេកាន់តែបានចិត្តអ៊ីចឹង។ ២. តាមច្បាប់កម្មផល ប្រសិនបើយើងសាបព្រោះអំពើណាមួយ យើងនឹងទទួលនូវផលនោះត្រឡប់មកវិញដូចគ្នា។ ដូច្នេះ តាមផ្លូវសីលធម៌ និងតាមពុទ្ធភាសិតខាងលើ គឺមិនអាចតបតនឹងពៀរបានឡើយ។ ប៉ុន្តែ នៅក្នុងសង្គមគេបានបង្កើតច្បាប់ ដើម្បីដាក់ទណ្ឌកម្មដល់បុគ្គលទាំងឡាយណាដែលប្រព្រឹត្តខុស។ ការផ្ដន្ទាទោសលើបុគ្គលណាម្នាក់ទៅតាមផ្លូវច្បាប់ វាពុំមែនជាការយកពៀរទៅរំងាប់ពៀរនោះទេ តែវាគឺជាផលដែលគេសមនឹងទទួល ស្របតាមទង្វើដែលខ្លួនបានប្រព្រឹត្តនោះៗ។ ការបង្កើតច្បាប់ និងការដាក់ទណ្ឌកម្មចំពោះបុគ្គលដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ គឺជាគោលការណ៍សកលមួយ ដែលប្រទេសនានាក្នុងលោកតែងតែអនុវត្ត។ ដូច្នេះ ដើម្បីចៀសវាងយកពៀរទៅរំងាប់ពៀរ យើងគួរដាក់ទោសដល់បុគ្គលដែលបង្កើតពៀរ ដោយផ្លូវច្បាប់ ឬយុត្តិធម៌។ ៣. អ្វីដែលសំខាន់ សម្រាប់ការចៀសវាងកុំឱ្យមានពៀរ យើងត្រូវត្រឡប់មកពិនិត្យមើលសកម្មភាពជាប្រចាំរបស់ខ្លួនវិញម្តង។ តាមការទូន្មានរបស់ពុទ្ធភាសិតពីខាងដើមនេះ គឺបង្រៀនឱ្យយើងចេះប្រុងប្រយ័ត្ននូវការប្រព្រឹត្តរបស់ខ្លួនឱ្យបានល្អ។ ប្រសិនបើយើងរង់ចាំកម្ចាត់ពៀរ នៅពេលដែលវាកើតឡើង គឺមានន័យថា សកម្មភាពរបស់យើងក៏បានចូលរួមចំណែកក្នុងការធ្វើឱ្យមានពៀរនោះដែរ។ ដូច្នេះ គួរផ្លាស់ប្តូរ ដោយទូន្មានខ្លួនឯងឱ្យក្លាយជាមនុស្សសុចរិត ចេះសន្ដោសប្រោសប្រណី និងចេះខ្វល់ខ្វាយអំពីទុក្ខធុរៈអ្នកដទៃ ហើយប្រឹងប្រែងលើកស្ទួយគំនិត និងសកម្មភាព ដែលបម្រើឱ្យប្រយោជន៍រួម នោះយើងនឹងមិនមានពៀរទៀតឡើយ៕ ប្រភពអត្ថបទ៖ ហ្វេសប៊ុក Ratha Mom

Read More