ព្រមានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនវិនិយោគផ្សារស្វាយអន្ទរ បើ………

ព្រៃវែង៖ អភិបាលរងខេត្តព្រៃវែង លោក សួន ម៉ាលី បានព្រមានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនវិនិយោគ ផ្សារស្វាយអន្ទរ ប្រសិនបើរកឃើញដូចការចោទប្រកាន់ និងការតវ៉ាពីសំណាក់ក្រុមអាជីវករ។ ការព្រមាននេះ បានធ្វើឡើងក្នុងកិច្ចប្រជុំដោះស្រាយវិវាទ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា នៅសាលាខេត្តព្រៃវែង នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុក។

លោក សួន ម៉ាលីន បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដាខាងមុខ លោក នឹងដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យជាក់ស្ដែងនៅផ្សារស្វាយអន្ទរ ហើយបើរកឃើញថា លោក អៀម ធឿន ម្ចាស់គម្រោងវិនិយោគផ្សារស្វាយអន្ទរ បានប្រព្រឹត្តខុសដូចការចោទប្រកាន់មែននោះ លោក នឹងលុបអាជ្ញាប័ណ្ណចោលតែម្តង។

សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែកក្កដា ក្រុមអាជីវករនៅផ្សារស្វាយអន្ទរ ខេត្តព្រៃវែង បានផ្ទុះការតវ៉ា នាំគ្នាផ្ដិតមេដៃចំនួន ៦០នាក់ ប្ដឹងទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យជួយអន្តរាគមន៍ចាត់វិធានការលើលោក អៀម ធឿន ថៅកែផ្សារស្វាយអន្ទរ ដោយអះអាងថា ថៅកែផ្សាររូបនេះ បានគាបសង្កត់រំលោភសិទ្ធិ កេងចំណេញលើអាជីវករ ខុសលក្ខខណ្ឌវិនិយោគរហូតដល់៨ចំណុច។
តាមការលើកឡើងរបស់ក្រុមអាជីវករ បានឱ្យដឹងថា ៖

ទី១៖ បង្ខំឱ្យអាជីវករអ្នកលក់ដូរតូចតាច តាមរាននិងអ្នកលក់តាមតូប បង់ផ្ដាច់រយៈពេល៣០ឆ្នាំតែម្ដង ដោយមិនទុកលទ្ធភាពឱ្យពួកគាត់បង់តាមឆ្នាំនីមួយៗឡើយ។

២៖ យកដីផ្លូវរបស់រដ្ឋដែលមិនស្ថិតក្នុងគម្រោងវិនិយោគ មកសាងសង់តូបចំនួន៦០តូប ដើម្បីលក់យកលុយជាប្រយោជន៍ផ្ទាល់ខ្លួន។

៣៖ ចំពោះអាជីវករដែលលក់ដូរនៅរានបន្លែត្រីសាច់ត្រូវបានបិទសិទ្ធិ ក្នុងការផ្ទេរកម្មសិទ្ធតូប ដោយតម្រូវឱ្យអ្នកផ្ទេរកម្មសិទ្ធិ បង់លុយជូនលោក អៀម ធឿន ម្ចាស់វិនិយោគចំនួន១០លានរៀលសិន ទើបលោកអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធបាន។

៤៖ ចំពោះអាជីវករ ដែលលក់ដូរទាំងក្នុងនិងក្រៅវិនិយោគ ក៏ត្រូវបានបិទសិទ្ធិដែរ ទោះមានប័ណ្ណកម្មសិទ្ធរួចក៏ដោយ គឺត្រូវបង់លុយជូនម្ចាស់ផ្សារចាប់ពី ២០០$ ទៅ៥០០$ ទើបអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិបាន។

៥៖ បង្ខំអាជីវករពីការផ្ទេរកម្មសិទ្ធ តាមរយៈភូមិឃុំ មកផ្ទេរកម្មសិទ្ធនៅម្ចាស់ផ្សារ និងអភិបាលស្រុកស្វាយអន្ទរវិញ ក្នុងគោលបំណងបង្ខំយកលុយ១០លានរៀលទៀត ដែលគម្រោងនេះមិនស្ថិតក្នុងការវិនិយោគឡើយ។

៦៖ យកថ្លៃភាស៊ី និងថ្លៃចំណតលើសកំណត់(សៀវភៅបន្ទុក)។

៧៖ អាជីវកដែលធ្វើតូបលក់លើដីក្រៅប្លង់វិនិយោគបែរជាឈ្មោះ អៀម ធឿន ចោទអាជីវករថា ជាចោរ លួចតូបខ្លួនទៅវិញ។

៨៖ ម្ចាស់ផ្សារមិនទទួលខុសត្រូវផ្នែកសំអាតអនាម័យ និងបរិស្ថាន បណ្ដាលឱ្យមានគំនរសំរាមនិងជះខ្លិនស្អុយសាយភាយប៉ះពាល់ដល់ការរស់នៅ និងសុខភាពពលរដ្ឋ។

ទាក់ទិននឹងការចោទប្រកាន់ពីសំណាក់ក្រុមអាជីវករនេះ មិនទាន់អាចទទួលការស្រាយបំភ្លឺពីលោក អៀម ធឿន ម្ចាស់គម្រោងវិនិយោគផ្សារស្វាយអន្ទរ បានទេនៅថ្ងៃនេះ៕

ប្រភព: CNC

Related posts

Leave a Comment