នារាត្រីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ កម្មវិធីប្រកួតសម្រស់ដ៏ធំប្រចាំប្រទេសកម្ពុជា Miss Universe Cambodia 2022 បានបញ្ចប់ជាស្ថាពរ ដោយក្នុងនោះគេក៏បានស្វែងរកឃើញរាជិនីកំពូលសម្រស់គ្រងមកុដប្រចាំឆ្នាំ ២០២២ នេះផងដែរ ដែលបានទៅលើកញ្ញា ហង្ស ម៉ានីតា។
ជាមួយនឹងការទទួលបានតំណែងជាម្ចាស់មកុដបវរកញ្ញាចក្រវាលនេះ គេឃើញថា ប្រជាប្រិយភាពរបស់ MUC 2022 រូប គឺផ្ទុះការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រវិស័យបវរកញ្ញាក្នុងប្រទេសកម្ពុជា ក៏ដូចជាមហាជនក្រៅស្រុកមួយចំនួនផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ វិបសាយព័ត៌មានដ៏ល្បីមួយនៅវៀតណាម (Kenh14) ក៏បានធ្វើការចេញផ្សាយអួតសរសើរពីសមត្ថភាពរបស់បវរកញ្ញាកម្ពុជារូបនេះផងដែរ។ តាមការចេញផ្សាយរបស់វិបសាយបរទេសមួយនេះ បានលើកឡើងថា បើទោះបីជាកញ្ញា ហង្ស ម៉ានីតា មានកម្ពស់មិនសូវខ្ពស់ (១.៦៧ ម៉ែត្រ) បើប្រៀបនឹងបេក្ខភាពបវរកញ្ញាតំណាងឱ្យបណ្ដាប្រទេសដទៃក៏ពិតមែន ប៉ុន្តែ MUC 2022 រូបនេះ គឺមានរូបសម្រស់ដ៏បវរ និង សមត្ថភាពខ្ពស់ស័ក្តិសមនឹងតំណែងបំផុត។
គួរឱ្យដឹងថា កញ្ញា ហង្ស ម៉ានីតា បញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុ ហើយបវរកញ្ញាចក្រវាលកម្ពុជា ២០២២ រូបនេះ មានសមត្ថភាពអាចនិយាយបានរហូតដល់ទៅ ៣ ភាសាយ៉ាងស្ទាត់ជំនាញ រួមមានភាសាខ្មែរ បារាំង និង អង់គ្លេស៕