យ៉ាងហោចណាស់ មានក្មេងសិស្សសាលាចំនួន១៩នាក់ និងគ្រូបង្រៀន២នាក់បានស្លា.ប់នៅក្នុងការបាញ់ប្រ.ហារនៅសាលាបឋមសិក្សាមួយនៅភាគខាងត្បូងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។
ក្រុមមន្ត្រីបាននិយាយថា ខ្មាន់កាំភ្លើងអាយុខ្ទង់ ១៨ឆ្នាំបានបើកការបាញ់ប្រហារនៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde មុនពេលត្រូវបានបាញ់សម្លាប់ ដោយស្របតាមការអនុវត្តច្បាប់។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ជនសង្ស័យមានកាំភ្លើងខ្លីមួយដើម កាំភ្លើងបាញ់ស្វ័យប្រវត្តិ AR-15។
នៅក្នុងសុន្ទរកថាមួយពីសេតវិមាន ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា លោកពិតជាហត់នឿយទៅនឹងការបាញ់ប្រហារ ខណៈដែលបានអំពាវនាវឱ្យមានច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង។ ទង់ជាតិនៅសេតវិមាន និងអគារសហព័ន្ធផ្សេងទៀតរបស់សហរដ្ឋអាមេរិក ត្រូវបានបង្ហូតចុះនៅត្រឹមពាក់កណ្តាល ជាការកាន់ទុក្ខដល់ជនរងគ្រោះនៅទីក្រុង Uvalde។
គិតមកទល់ពេលនេះ សិស្សសាលាដែលបានរងគ្រោះបាត់បង់ជីវិត ត្រូវបានបង្ហាញអត្តសញ្ញាណខ្លះៗហើយ រួមទាំងគ្រូបង្រៀនម្នាក់ដែលត្រូវខ្មាន់កាំភ្លើងបាញ់ ក្នុងខណៈពេលដែលព្យាយាមចូលទៅការពារកូនសិស្សរបស់ខ្លួន៕