ក្រសួងទេសចរណ៍! ប្រកាសផ្អាកការលក់ដូរនិងពិសាគ្រឿងស្រវឹង ២ថ្ងៃ កំឡុងពេលបោះឆ្នោតខាងមុខ

នៅមុននេះបន្តិចក្រសួងទេសចរណ៍កម្ពុជាបានចេញសេចក្តីជូនដំណឺងស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនបោះឆ្នោតនិងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលរៀបចំធ្វើនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ដោយសារតែការពិសាគ្រឿង ស្រវឹង ក្រសួងទេសចរណ៍សូមធ្វើការណែនាំដូចខាងក្រោម៖

១. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំង រាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ០២ (ពីរថ្ងៃ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២)។

២. ម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ដែលផ្តល់សេវាកម្មម្ហូបអាហារ ត្រូវផ្អាក សកម្មភាពការលក់ដូរ និងពិសាគ្រឿងស្រវឹងរយៈពេល ០២ ថ្ងៃ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

៣. ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្ម សេវាកម្ម ទេសចរណ៍ខាងលើឲ្យអនុវត្តការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះឱ្យមានប្រសិទ្ឋភាព និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះប្រព្រឹត្តទៅក្នុងបរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ និង យុត្តិធម៌ គ្មានអំពើហិង្សា។ ប្រភព៖​Sabay News

Related posts