ជា សុជាតិ ក្រុមចម្រៀងក្មេងខ្មែរ សាងព្រះផ្នួស សងគុណ ក្រោយអ្នកម្តាយបានទទួលមរណភាព

ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមទទួលបានដំណឹងដ៏គួរឱ្យសោកស្ដាយបំផុតកើតចំពោះ តារាចម្រៀង ជា សុជាតិ ដែលជាសមាជិកក្រុមក្មេងខ្មែរដ៏ល្បីឈ្មោះ បានជួបទុក្ខធំបាត់បង់មនុស្សជាទីស្រឡាញ់ គឺម្ដាយរបស់លោកបានទទួលមរណភាពហើយ ។

នេះបើតាមបណ្ដាញសង្គមរបស់ក្មេងខ្មែរ ដែលបានប្ដូររូបប្រូហ្វាល់កាន់ទុក្ខ និងបានជូនដំណឹងឱ្យដឹងថា ម្ដាយរបស់ លោក ជា សុជាតិ បានទទួលមរណភាពហើយនៅវេលាម៉ោង ៦:៥០ នាទីល្ងាច ។

ជាមួយគ្នានោះ ក៏បានឃើញបណ្ដាញសង្គម តារាចម្រៀងប្រុសរូបនេះ ធ្វើការស៊ែរបន្តពីការបង្ហោះរបស់ប្អូនស្រីដោយភ្ជាប់ជាមួយសារដ៏រំជួលចិត្តថា ៖ «ម៉ាក់ទៅបានសុខហើយ» ។

ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនបានសម្ដែងនូវការសោកស្ដាយជាពន់ពេក និងបានចូលរួមរំលែកទុក្ខដល់តារាប្រុសរូបនេះ និងក្រុមគ្រួសារជាផងដែរ ។

ចំណែកឯ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេក៏បានឃើញតារាចម្រៀងសមាជិកក្រុមក្មេងខ្មែរ ដែលកំពុងមានប្រជាប្រិយភាពលោក ជា សុជាតិ បានសម្រេចចិត្តសាងផ្នួសបួសជាព្រះសង្ឃហើយ ខណៈពេលដែលរូបថតជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពដែលតារាចម្រៀងរូបនេះ កំពុងគ្រងស្បង់ចីពរនៅក្នុងវត្ត ។

តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក រហូតធ្វើឲ្យមហាជន និងហ្វេនៗជាអ្នកគាំទ្ររូបលោកជាច្រើន ត្រូវបានសង្ស័យថា ការសាងព្រះផ្នួសរបស់តារាចម្រៀងរូបនេះ ជាកិច្ចតបស្នង រូបលោក ចង់សាងព្រះផ្នួសសងគុណ អ្នកមានគុណ ៕