យុវសិស្សម្នាក់រំជួលចិត្ត! កាលម៉ែនៅរស់បាននិយាយផ្តាំកូនមុនប្រឡងថាកូនមិនចាំបាច់បាននិទ្ទិសAទេត្រឹមCម៉ែសប្បាយចិត្តណាស់ហើយ ឥឡូវដូចបំណងម៉ែហើយ…

មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាសម្ដែងនូវក្ដីរំជួលចិត្តជាខ្លាំង ក្រោយយុវសិស្សមួយរូបបានសម្ដែងនូវអារម្មណ៍សោកា បន្ទាប់ពីខ្លួនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗតែបាត់វត្តមានរបស់អ្នកម្ដាយ ខណៈពួកគេធ្លាប់បានសន្យាព្រមព្រាងគ្នាតាំងពីអ្នកមានគុណនៅមានជិវិតមកម្ល៉េះ។

ទាក់ទិនទៅនឹងករណីនេះ បើតាមការបញ្ជាក់ពីយុវជន ដែលទើបតែប្រឡងបាក់ឌុបសម័យ ២០២១ ថ្មីៗនេះ បានបញ្ជាក់នៅលើគណនីរបស់ខ្លួនដែលមានឈ្មោះ Patty No ឱ្យបានដឹងថា ៖ «ម្តាយខ្ញុំ តែងតែនិយាយលេងជាមួយខ្ញុំថា មិនបាច់យក A អីទេ ត្រឹមតែ C ម៉ែសប្បាយចិត្តណាស់ទៅហើយ។ ចុះម្ដេចថ្ងៃដែលកូនជោគជ័យ ម្ដេចគ្មានវត្តមានអ្នកម្តាយនៅក្បែរកូន កូនធ្វើបានហើយអ្នកម្តាយកូនអើយ»។

គួរឱ្យដឹងផងដែរថា យុវសិស្សខាងលើមានឈ្មោះ ហ៊ាម ជំនោរ មានលេខរៀងប្រឡង ៦៣៤ ជាសិស្សនៅវិទ្យាល័យសម្ដេចឪ នៅខេត្តសៀមរាប ប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គម នៅមណ្ឌលវិទ្យាល័យសម្ដេចឪខេត្តសៀមរាប (កើត) ទទួលបាននិទ្ទេស C ៕ ប្រភព៖ ប្រជាប្រិយ