លើកទឹកចិត្ត៖ “មនុស្សជោគជ័យ គឺជាមនុស្សដែលដើរលើផ្លូវស្ងាត់ ឯកោតែម្នាក់ឯង”

#ភ័យខ្លាច

មនុស្សជោគជ័យ គឺជាមនុស្សដែលដើរលើផ្លូវស្ងាត់ ឯកោតែម្នាក់ឯង។ នៅលើផ្លូវនោះ អ្នកមិនមានមិត្តភក្តិច្រើនដើរជាមួយទេ អ្នកមានតែស្រមោលប៉ុណ្ណោះដែលដើរជាមួយអ្នក។ ជាផ្លូវដែលមានមនុស្សជាច្រើនបានសាកល្បង ប៉ុន្តែពួកគេបរាជ័យ។ អ្នកនឹងខ្សោះទាំងកម្លាំងចិត្ត ខ្សោះទាំងកម្លាំងកាយ។

តែអ្នកមានជំនឿចិត្តពេញបេះដូងនូវអ្វីដែលអ្នកកំពុងធ្វើ វាគឺជាកិច្ចការមានតម្លៃ ជាសមរភូមិដែលអ្នកអាចយកឈ្នះបាន។

បើអ្នកអនុញ្ញាតឲ្យភាពភ័យខ្លាចអង្គុយនៅក្នុងខ្លួនរបស់អ្នក វានឹងដុះឫសហើយចាប់ផ្តើមបំផ្លាញអ្នកបន្តិចម្តងៗ។ បំផ្លាញសក្តានុពលរបស់អ្នក គឺសក្តានុពលក្នុងនាមជាជើងឯកម្នាក់។ វាមិនមែនជាទេពកោសល្យ វាមិនមែនជាហ្សែន ប៉ុន្តែវាគឺជាការតស៊ូអត់ធ្មត់ក្នុងការបង្ហាញខ្លួនឯងទៅកាន់ពិភពលោក ទើបជាកត្តាដែលធ្វើឲ្យអ្នកជោគជ័យ។

អ្វីដែលខ្ញុំកំពុងនិយាយនេះ គឺចង់សំដៅលើអត្តចរិតរបស់អ្នក។ វាមិនមែនមុខតំណែងទេដែលកំណត់អត្តចរិតរបស់អ្នក វាមិនមែនជោគជ័យទេដែលកំណត់អត្តចរិតរបស់អ្នក។ ប៉ុន្តែផ្ទុយមកវិញ គឺអត្តចរិតដែលជាអ្នកកំណត់ភាពជោគជ័យនិងកិត្តិយសទាំងអស់នោះ ហើយវាឋិតនៅក្នុងខ្លួនរបស់អ្នក។

ជើងឯកមិនមែនជាមនុស្សដែលឈ្នះនៅលើសង្វៀននោះទេ។ ពួកគេបានឈ្នះរាប់ពាន់ម៉ោងរួចទៅហើយនៅក្នុងបន្ទប់ហ្វឹកហាត់ និងក្នុងកន្លែងពិសោធន៍របស់ពួកគេ។ ពួកគេក្រោកម៉ោង៥ព្រឹកហើយរត់ទោះបីជាមេឃកំពុងភ្លៀង និងនៅពេលអ្នកផ្សេងទៀតកំពុងដេក។ នេះហើយដែលធ្វើឲ្យពួកគេឈ្នះ! បេះដូងរបស់ជើងឯកគឺដូចជាអំពូលម៉ែតមួយដែលបើកភ្លើងជានិច្ច។ វាមិនមែនបិទ ហើយបើកតែនៅពេលណាមានមនុស្សចូលមកមើលវានោះឡើយ គឺវាបើកជាប់ជានិច្ច។

ភាពភ័យខ្លាចគឺគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះ មានន័យថា វាគ្មានរូបរាងទេ។ អ្នកបង្កើតវា ដូច្នេះអ្នកក៏អាចបំផ្លាញវាបានដែរ។ ខ្ញុំចូលចិត្តភាពភ័យខ្លាចណាស់ ហេតុអ្វី? ព្រោះនៅខាងក្រោយភាពភ័យខ្លាច គឺជាអ្នកពិតប្រាកដ។ បើអ្នកប្រឈមមុខនឹងភាពភ័យខ្លាច អ្នកនឹងក្លាយជាមនុស្សដែលអ្នកចង់បាន។ បើអ្នករត់គេចភាពភ័យខ្លាច អ្នកមិនមែនជាមនុស្សនោះទេ។ អ្នកមានជីវិត ប៉ុន្តែអ្នកគ្មានសេរីភាពឡើយ។ ប្រសិនបើអ្នកប្រឈមមុខនឹងភាពភ័យខ្លាច វានឹងត្រូវបំផ្លាញ ហើយទំនុកចិត្តនឹងកើតឡើង។

នៅពេលអ្នកចេញដំណើរលើផ្លូវនេះ អ្នកនឹងដួលមុនពេលអ្នកអាចក្រោកឡើងបាន ហើយនៅពេលអ្នកក្រោកឡើង អ្នកនឹងឡើងខ្ពស់ជាងអ្វីដែលអ្នកមិនធ្លាប់ជួបប្រទះទាល់តែសោះពីមុនមក។ អ្នកចាប់ផ្តើមពីឥលូវនេះ ទោះបីគ្មាននរណាមើលអ្នកក៏ដោយ ។ ភាពខុសគ្នារវាងអ្នកឈ្នះនិងអ្នកចាញ់ គឺនៅត្រង់ថា អ្នកឈ្នះក្រោកឡើងវិញនៅពេលគេដួល ហើយធ្វើវាម្តងហើយម្តងទៀត! គេធ្វើរហូតដល់ជោគជ័យ!

ចូរលះបង់សេចក្តីសុខនៅថ្ងៃនេះដើម្បីសេចក្តីប្រសើររុងរឿងសម្រាប់ថ្ងៃស្អែក។ វាជាការផ្តល់តម្លៃឲ្យថ្ងៃនេះ។ យើងសុទ្ធតែធ្លាប់ដួលនៅលើផ្លូវជីវិត ប៉ុន្តែសួរថា តើអ្នកក្រោកឡើងវិញឬទេ? ដូច្នេះអ្នកត្រូវធ្វើវាម្តងទៀត ហើយអ្នកធ្វើអស់ពីកម្លាំងកាយចិត្ត។ បើអ្នកចាញ់ យ៉ាងហោចណាស់អ្នកបានធ្វើអស់ពីសមត្ថភាព! ខ្ញុំបរាជ័យ១០ដងច្រើនជាងមនុស្សដែលខ្លាច តែខ្ញុំនៅតែបន្ត ហេតុអ្វីទៅ? ព្រោះខ្ញុំដឹងថា មនុស្សខ្លាច មិនដែលមានឱកាសឡើងទទួលពានរង្វាន់នៅលើសង្វៀនឡើយ។ ពេលខ្លះអ្នកដាក់ក្បាលជល់ជញ្ជាំង អ្នកឆ្លុះកញ្ចក់មើលខ្លួនឯងជាច្រើនដងហើយគ្មានស្នាមញញឹមទាល់តែសោះ។ អ្នកចង់ផ្លាស់ប្តូរស្ថានភាពហើយផ្លាស់ខ្លួនទៅជាមនុស្សដែលអ្នកចង់បាន។ អ្នកធ្វើដូច្នេះគឺជារឿងត្រឹមត្រូវហើយ ចូរធ្វើវាឲ្យអស់សមត្ថភាពគ្រប់ពេលវេលា! អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលលើកដៃនៅលើឆាកទទួលពានរង្វាន់នៅថ្ងៃណាមួយ!

វាពិបាកខ្លាំងណាស់! វាគឺជាការប្រយុទ្ធឡើងទៅលើកំពូលភ្នំ …វាជាផ្លូវដែលមិនសូវមានមនុស្សដើរឡើយ។ ប៉ុន្តែវាជាផ្លូវដែលនាំទៅកាន់ភាពជាជើងឯក!

ប្រភព៖ edu

Related posts

Leave a Comment