ឥណ្ឌាបំបែកកំណត់ត្រាទៀតហើយ! ក្នុង១ថ្ងៃរកឃើញករណីឆ្លង COVID-19 ថ្មីៗជាង ៥៧,០០០នាក់!

(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃសៅរ៍នេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ៥៧,១១៨ករណីបន្ថែម រួមទាំងអ្នកស្លាប់ថ្មីៗចំនួន ៧៦៤នាក់ផងដែរនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០។

នេះគឺជាតួលេខខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ សម្រាប់ករណីឆ្លងថ្មីៗ នៅក្នុងប្រទេស រហូតមកទល់ពេលនេះ។ ជាសរុបករណីឆ្លង នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនដល់ជិត ១.៧លានករណី ដោយក្នុងនោះអ្នកជំងឺជាង ៣៦,៥០០នាក់ស្លាប់ និងជិត ១.១លាននាក់ទៀតបានជាសះស្បើយឡើងវិញ។

គួរជម្រាបថា នារយៈពេលចុងក្រោយនេះ សន្ទុះនៃអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅប្រទេសឥណ្ឌា គឺមានការកើនឡើងជាលំដាប់ ហើយគ្មានសញ្ញាថា នឹងអាចថមថយនៅឡើយទេ ខណៈប្រទេសដែលមានចំនួនប្រជាជនប្រមាណ ១.៣ពាន់លាននាក់មួយនេះ កំពុងឈរនៅលំដាប់ថ្នាក់លេខ ៣ ក្នុងចំណោមបណ្តាប្រទេស ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត នៅទូទាំងសកលលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល៕

Related posts

Leave a Comment